Tuesday, October 1, 2024

ព្រឹត្តិការណ៍ដ៏រន្ធត់ឆេះរថយន្តក្រុងទស្សនកិច្ចសិក្សានៅឯជាយក្រុងបាងកកប្រទេសថៃ

ឆេះឡានក្រុងដឹកសិស្សសាលាថៃ ស្លាប់​មនុស្ស​ជាច្រើននាក់

នៅជាយក្រុងបាងកក មានគ្រោះថ្នាក់ផ្ទុះឆេះរថយន្តក្រុងដឹកសិស្សសាលាមួយគ្រឿង កាលពីថ្ងៃអង្គារទី ១តុលា។ នៅក្នុងចំណោមមនុស្ស៤៤នាក់នៅលើរថយន្តក្រុង មនុស្សចំនួន ១៩នាក់ត្រូវបានសង្រ្គោះ ចេញទាន់ពីអគ្គិភ័យ ចំណែក មនុស្ស២៥នាក់ ដែលនៅក្នុងនោះ កូនក្មេងសិស្សសាលាចំនួន ២២នាក់ និងគ្រូបង្រៀន ៣នាក់ បាត់ខ្លួន នៅក្នុងអណ្តាតភ្លើង។ នាយករដ្ឋមន្រ្តីថៃ លោកស្រី ផែថងថាន ស៊ីណាវ៉ាតបានសរសេរក្នុងបណ្តាញសង្គម X ថា មានមនុស្សស្លាប់ច្រើននៅក្នុងគ្រោះថ្នាក់ឆេះរថយន្តក្រុងដឹកសិស្សសាលាថៃ នៅថ្ងៃអង្គារ នេះ។

មនុស្ស​ជាច្រើននាក់ ដែលភាគច្រើនជា​ក្មេងសាលា​ស្លាប់​នៅក្នុង​គ្រោះថ្នាក់​ឆេះរថយន្តក្រុង​មួយគ្រឿង​នៅជាយក្រុង​បាងកក។ យោងតាម​រដ្ឋមន្រ្តីក្រសួង​ដឹកជញ្ជូន​ថៃ គេ​នៅមិនទាន់ដឹង​ច្បាស់​ពីចំនួនជនរងគ្រោះស្លាប់​នៅក្នុង​ព្រះអគ្គី ប៉ុន្តែយ៉ាងហោច មនុស្ស​២៥នាក់​បាត់ខ្លួន មិនឆ្លើយ​នឹង​ការស្រែកហៅ​ឈ្មោះ​ពីសំណាក់អាជ្ញាធរ។ តាម​រដ្ឋមន្រ្តីថៃដដែល គេ​បានរាយការណ៍ថា មានមនុស្ស​៤៤នាក់ (សិស្ស​៣៨នាក់ និង​គ្រូ​បង្រៀន ៦នាក់)ជិះក្នុងរថយន្តក្រុង​ដែលផ្ទុះឆេះ ប៉ុន្តែ រហូតមកដល់ពេលនេះ មានតែមនុស្ស​ ១៩នាក់ ដែល​គេ​បានជួយសង្រ្គោះ។ គេ​បារម្ភខ្លាចថា មនុស្ស​២៥នាក់ផ្សេងទៀតដែលបាត់ខ្លួន ​អាច​ស្លាប់​នៅក្នុងអណ្តាតភ្លើង។​

ចាកចេញពី​ខេត្ត អុថៃ ថានីនៅភាគខាងជើង រថយន្តក្រុង​ត្រូវដឹកគ្រូបង្រៀន​៦នាក់ និង​កូនសិស្ស​៣៨នាក់ ​ដែលមានអាយុចាប់ពី​សាលាមត្តេយ្យ​រហូត​ដល់​ក្មេង​អាយុ​១៤ឆ្នាំ។ ប៉ុន្តែ ធ្វើដំណើរ​មកដល់​ជាយក្រុង​បាងកក កង់របស់រថយន្តក្រុង​ផ្ទុះ ធ្វើ​ឲ្យ​អ្នកបើករេចង្កូតទៅបុកពំនុះទ្រូងផ្លូវ។ ​រថយន្តក្រុងដែល​​ប្រើ​ហ្គាស ក៏ផ្ទុះឆាបឆេះឡើង។

ក្រុមពន្លត់ភ្លើង​បាន​និយាយ​ថា ក្រោយ​ភ្លើងរលត់ គេត្រូវ​រង់ចាំ​ជាច្រើនម៉ោងមុននឹង​អាច​ឡើង​ទៅរកសាកសព​ក្មេង​នៅក្នុង​ខ្មោចរថយន្ត​ដែលនៅសល់តែគ្រោងដែក។ បើតាម​ប្រធានក្រុមជួយសង្រ្គោះ លោក​Piyalak Thinkaew គេ​ប្រទះឃើញ​សាកសព​របស់​ក្មេង​នៅ​ផ្នែកខាងក្រោយ​របស់រថយន្តក្រុង ព្រោះថា ញាណ​របស់​ក្មេង​នៅពេល​ឃើញ​ភ្លើងឆេះ គឺ​រត់ប្រមូលផ្តុំគ្នា​នៅតែ​ផ្នែកខាងក្រោយ។ សាកសព​ក្មេងភាគច្រើន​ដែលតូចៗ និង​ឆេះរួញខ្មៅ ដែលជាហេតុធ្វើឲ្យគេ​មិនអាចឲ្យគេ​កំណត់​បាន​អត្តសញ្ញាណ​ភ្លាមៗ។

ចំណែក​ កុមារ​ដែល​រួចខ្លួន​ពី​ភ្លើងឆេះ មួយចំនួន ឆេះមុខឆេះមាត់។ នេះបើតាម​ការចុះផ្សាយ​របស់​កាសែត​ថៃ ដែលបាន​ដកស្រង់សំដី​របស់​គ្រូពេទ្យ។

​​​​នៅពេលអ្នកកាសែត​សួរលោកស្រីពីរឿង​ផ្ទុះរថយន្តក្រុង​ដឹកក្មេងសាលា ​​​​ នាយករដ្ឋមន្រ្តីថៃ លោកស្រី ផែថងថាន ស៊ីណាវ៉ាត ក្តុកក្តួល ទឹកភ្នែករលីងរលោង ប៉ុន្តែ មិន​ឆ្លើយនឹង​សំណួរ​របស់អ្នកកាសែត។ នៅលើ​បណ្តាញ​សង្គម​X ទើប​លោកស្រី​និយាយថា លោកស្រី​បានទទួល​ដំណឹងរថយន្តក្រុង​ផ្ទុះឆេះ ដែលបាន​សម្លាប់ និង​ធ្វើ​ឲ្យមនុស្ស​របួសជាច្រើននាក់។ ក្នុងនាមលោកស្រីជាម្តាយម្នាក់ លោកស្រី​សូម​រំលែកទុក្ខ​យ៉ាងជ្រាលជ្រៅបំផុត​ជាមួយ​ក្រុមគ្រួសារ​របស់​ជនរងគ្រោះ។

គួរជម្រាបជូនថា ប្រទេសថៃ​ជាប់ចំណាត់ថ្នាក់​មិនល្អ​សោះ នៅក្នុង​ពិភពលោក។ រថយន្ត​ដែល​គ្មាន​សុវត្ថិភាព និង​ការបើកបរ​ដ៏អាក្រក់អាក្រី​បាន​ធ្វើ​ឲ្យ​ថៃ​មាន​ចំនួនមនុស្ស​ស្លាប់​ក្នុង​គ្រោះថ្នាក់ចរាចរណ៍ ប្រមាណ ២ម៉ឺននាក់​​ក្នុងមួយឆ្នាំៗ ពោលគឺ ៥០នាក់​ក្នុង​មួយថ្ងៃ។ នេះបើតា​មតួលេខរបស់​អង្គការ​សុខភាពពិភពលោក។ ​ មនុស្ស​​ស្លាប់​ និង មនុស្ស​របួស​ក្នុង​គ្រោះថ្នាក់ចរាចរណ៍​បាន​ធ្វើ​ឲ្យ​ទំហំខាតបង់សេដ្ឋកិច្ច មាន​ប្រមាណ ១៥,៥ពាន់លានដុល្លារ នៅ​ឆ្នាំ ២០២២៕

អត្ថបទ៖ វិទ្យុបារាំងជាភាសាខ្មែរ

https://www.rfi.fr/km

ប្រភពចេញមកពី៖ បណ្តាញសង្គម X @ប្រទេសថៃ






No comments:

Post a Comment